ខេត្តសៀមរាប៖នាថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានចូលរួមជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាបញ្ជ្រាបការយល់ដឹង អំពីគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និង វគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីហិរញ្ញវត្ថុសម្រាប់អនុវត្តកញ្ចប់ថវិកាសេវាអនាម័យបរិស្ថានជូនដល់រដ្ឋបាល ក្រុង ស្រុក ។កម្មវិធីនេះក៏មានកាអញ្ជើញចូលរួម ថ្លែងមតិចាប់អារម្មណ៍ពី ឯកឧត្ដម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រង សំរាម សំណល់រឹងទីប្រជុំជន។
សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដោយថ្ងៃទី១ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីការគ្រប់គ្រងសំរាមសំណល់រឹង ផ្ដោតលើគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត តួនាទីភារកិច្ច គោលការណ៍កំណត់កម្រៃសេវានានា និងការគ្រប់គ្រងមូលនិធិបរិស្ថាននិងសង្គម ព្រមទាំងការចែករំលែកបទពិសោធន៍ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន របស់រដ្ឋបាលចំនួន ៤ គឺ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលក្រុងព្រះសីហនុ រដ្ឋបាលក្រុងបាត់ដំបង និង រដ្ឋបាលក្រុងកំពង់ចាម ។
សិក្ខាសាលានេះមានការចូលរួមពី លោក កេវ សុខា
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ឯកឧត្ដម លោកជំទាវ
និងមន្ត្រីជំនាញ ដែលជាតំណាងនៃគណៈអភិបាលរាជធានី ខេត្ត ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ
អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ
អគ្គនាយកដ្ឋានរតនាគារជាតិ និង
អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ ព្រមទាំងលោក លោកស្រី
តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រតនាគារ និងមន្ទីរបរិស្ថាន រាជធានី ខេត្ត
និងរដ្ឋបាលក្រុង ស្រុកទូទាំង ២៥ រាជធានី ខេត្ត សរុបចំនួនប្រមាណ ៦០៥ នាក់។